ព័ត៌មានទាន់ហេតុការណ៍៖

មហាជនចូលរួមហ្វឹកហ្វឺនវគ្គឆ្លងកាត់ឧបសគ្គ GRK x Banteay Challenge 2024 នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃសៅរ៍ ១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ វរសេនីយ៍ឯក សៀ ទីន ប្រធានក្រុម នាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) ជាមេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងាររៀបចំការហ្វឹកហាត់វគ្គឆ្លងកាត់ឧបសគ្គ និងហ្វឹកហ្វឺនកាយសម្បទា (GRK x Banteay Challenge 2024) បើកជូនដល់មហាជនអោយបានចូលរួមសាកល្បងបទពិសោធន៍ថ្មី ក្រោមកិច្ចសហប្រត្តិបត្តិការជាមួយនឹងមជ្ឍមណ្ឌលហាត់ប្រាណបន្ទាយ (Banteay Center)។ 

ក្រោមការណែនាំពីគ្រូកីឡា និងក្រុមការងារ មហាជនដែលស្រឡាញ់វិស័យកីឡា និងសុខភាព បានចូលរួមហ្វឹកហាត់វគ្គឆ្លងកាត់ឧបសគ្គតាមបែបយោធា និងហាត់ប្រាណនៅសាលហាត់កីឡា អ.ហ.ភ.ព ប្រកបដោយក្តីសោមនស្សរីករាយ ដោយមានឱកាសប្រជែងនឹងដែនកំណត់ខ្លួនឯងដើម្បីអោយលុតដំរាងកាយ និងសុខភាពអោយកាន់តែរឹងមាំ ជាពិសេសទទួលបានបទពិសោធន៍ថ្មី ក្នុងការឆ្លងកាត់ហ្វឹកហាត់កាយសម្បទាតាមបែបយោធា។ 

មជ្ឍមណ្ឌលហាត់ប្រាណបន្ទាយ (Banteay Center) ក៏បានថ្លៃងអំណរអរគុណយ៉ាងក្រៃលែងដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ ដែលបានសហការរៀបចំកម្មវិធីដ៏ពិសេសនេះឡើងដែលមិនធ្លាប់មានពីមុនមក៕

ដោយ ៖ សិលា


ចែករំលែក៖