ព័ត៌មានទាន់ហេតុការណ៍៖

បក្សស្ដាំនិយមជ្រុលរំពឹងក្ដាប់អំណាច ក្នុងការបោះឆ្នោតសភាជុំទី២

ចែករំលែក៖

សារព័ត៌មាន AFP បាផ្សាយថា ការិយាល័យបោះឆ្នោតនៅទូទាំប្រទេសបារាំងបានបើកទ្វារហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដានេះ សម្រាប់ការបោះឆ្នោតសភាជុំទី២ ដែលត្រូវបានគេរំពឹងថាគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺ ប៉ែន (Marine Le Pen) អាចនឹងទទួលបានជ័យជម្នះ។

ការិយាល័យបោះឆ្នោតបានចាប់ផ្ដើមបើកទ្វារនៅម៉ោង៨៖០០នាទីព្រឹក (ម៉ោងបារាំង) រហូតដល់ម៉ោង ៦៖០០នាទី ឬុម៉ោង ៨៖០០នាទីយប់នៅតាមទីក្រុងធំៗ ហើយលទ្ធផលបោះឆ្នោតនឹងត្រូវរាប់ និងចេញផ្សាយជាបណ្ដើរៗ។ តាមការស្ទង់មតិ គណបក្សស្ដាំនិយមជ្រុល RN ដែលមាននិន្នាការប្រឆាំងជនអន្តោប្រវេសន៍ និងស្អប់សហភាពអឺរ៉ុប អាចនឹងបន្តឈ្នះក្នុងជុំទី២នេះ តែប្រហែលជាមិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាតនោះទេ។ ការក្ដាប់សំឡេងភាគច្រើនរបស់បក្សស្ដាំនិយមជ្រុលនៅក្នុងសភាបារាំងអាចនឹងបង្កជាការបែកបាក់ផ្ទៃក្នុងកាន់តែស៊ីជម្រៅ។

គណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ជាមួយសំឡេងគាំទ្រ ៣៤ភាគរយនៃសន្លឹកឆ្នោតសរុប ខណៈសម្ព័ន្ធគណបក្ស Together alliance របស់លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ២៣ភាគរយប៉ុណ្ណោះ។ ជ័យជម្នះណាមួយ របស់គណបក្ស RN គឺជាបរាជ័យ និងតម្រិះជិះកឯងរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយគណបក្សរបស់លោកចាញ់ក្រោមថ្វីដៃ គណបក្សស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីដើមខែមិថុនាកន្លងទៅ៕ ដោយ៖ ធីរីណា

រូប​ថត​៖ nhandan


ចែករំលែក៖