ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួប៧ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ជាខួប៧ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)។

ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។

នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។

ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។

ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេង សម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។

ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រនៃសមិទ្ធផល ក្នុងកិច្ចគាំពារសម្បត្តិវប្បធម៌ខ្មែរ ក្នុងយុគ្គសម័យនៃសុខសន្តិភាពនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិនៃការចងចាំថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតផង។

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១។ សំណង់ប្រាសាទសាងអំពីឥដ្ឋ ទួលបុរាណ សិលាចារិក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាផ្សេងដទៃទៀត។

សំណង់បុរាណទាំងនោះ បានឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ សំណង់ស្ថាបត្យកម្ម និងសិស្បៈនៅសំបូរព្រៃគុក បានបង្ហាញពីការទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងអារ្យធម៌ប្រទេសដទៃទៀត គួបផ្សំជាមួយវប្បធម៌ក្នុងស្រុក បង្កើតបានជាលក្ខណៈពិសេសនៃវប្បធម៌មួយដោយឡែករបស់ខ្មែរ។ ស្ថាបត្យកម្ម និងចម្លាក់ ក្បូរក្បាច់រចនានៅលើប្រាសាទប្រាំបីជ្រុង ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាប្រាសាទអណ្តែត និងក្បាច់លម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។

ទោះបីមានការផ្លាស់ប្តូររាជធានី ទៅតំបន់អង្គរនៅសតវត្សរ៍ទី៩ក្តី ក៏តំបន់សំបូរព្រៃគុក នៅតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនា ដ៏សំខាន់នាសម័យអង្គរ ដោយមានសំណង់សាសនាបន្ថែម និងជួសជុលសំណង់ ដែលមានស្រាប់នៅទីនោះ សម្រាប់គោរពបូជាជាបន្តបន្ទាប់។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានស្ថាបនាឡើងជាហូរហែរអស់រយៈពេលជាច្រើនសម័យកាល ដែលរំលេចឲ្យឃើញតួប្រាសាទ ព្រះបដិមារស្នាដៃសិល្បៈជាច្រើនទៀត ហើយបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា នាពេលសព្វថ្ងៃនេះ៕


ចែករំលែក៖