ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែកព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តតាកែវ (០៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤ស្អែកនេះ ! ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តតាកែវ (០៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤) ។ នេះបើយោងតាមប្រភពពី ទូរទស្សន័ជាតិកម្ពុជា នៅថ្ងៃនេះ។

រុក្ខទិវា ៩ កក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខ-ទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀតព្រះវរោកាសដ៏មានតម្លៃស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា”នេះ។

ឆ្លៀតក្នុងឱកាសនេះ សូមរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាមរយៈព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែ-រក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។

ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញ នូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។

ប្រជាជនកម្ពុជានៅទូទាំងប្រទេសសូមចូលរួមអបអរសាទរទិវា “រុក្ខទិវា” ថ្ងៃទី០៩ កក្កដា ក្នុងស្មារតីចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យបានស្ថិតស្ថេរ និងនិរន្តរភាព សម្រាប់កូនចៅរបស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះ សង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងចងចាំជានិច្ចនូវព្រះរាជានុសាសន៍ដ៏ថ្លៃរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ-មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានលើកឡើងថា “រុក្ខទិវា” ជាពិធីមួយ បានបង្ហាញឱ្យឃើញនូវទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនយើងសហការសាមគ្គីគ្នា ការពារ ថែរក្សា ព្រៃឈើ និងដាំដើមឈើ ដើម្បីបរិស្ថានធម្មជាតិល្អ សម្រាប់ជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នាផង និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផង៕

ដោយ ៖ សិលា


ចែករំលែក៖