ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស

ចែករំលែក៖

ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ ។ ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២៤ ។ ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង ហើយការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា ។

ជាមួយការអញ្ជីញវិនិយោគិនបារាំងទាំងអស់ ឱ្យមកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ សម្តេចមហបវរធិបតី បានស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេស វិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ។ ទន្ទឹមនេះ សម្តេច បានសង្កត់បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា» ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ ក្នុងនេះ យន្តការដែលលេចធ្លោជាងគេ គឺ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។ ជាមួយគ្នា គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាន​ និងកំពុងអនុវត្ត និងតាមដានយ៉ាងជាប់លាប់ ប្រកបដោយភាពបុរេសកម្ម នូវរាល់វិធានការ ដែលត្រូវបានដាក់ចេញនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងសង្កេតឃើញនូវលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែមានភាពអំណោយផលជាងមុន ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានសម្រាលបន្ទុករបស់វិស័យឯកជន ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម, ការស្នើសុំអាជ្ញាបណ្ណ, អនុលោមភាពការងារ, និង អនុលោមគណនេយ្យ និងសវនកម្ម ជាដើម ។ រាជរដ្ឋាភិបាល បាន និងកំពុងផ្តល់អាទិភាពខ្ពស់ ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ តាមរយៈការរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា ដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពនៃរដ្ឋបាលសារពើពន្ធ ។ រាជរដ្ឋាភិបាល ក៏បាន និងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូន, ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival processing) ជាដើម ៕


ចែករំលែក៖