សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរឥណ្ឌូណេស៉ីបានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច១២នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយការធ្លាក់ភ្លៀងខ្លាំងជោគជាំ បានបង្កជាគ្រោះរអិលបាក់ដី នៅក្បែរអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតលើកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៉ី។
គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារចំលើភូមិដាច់ស្រយាលមួយកន្លែង ក្នុងស្រុក Bone Bolango នៃខេត្ត Gorontalo តាំងតែពីយប់រំលងអធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រោយភ្លៀងបានធ្លាក់ខ្លាំងឥតឈប់ឈរ ហើយជាលទ្ធផលមនុស្សយ៉ាងហោច១២នាក់ បានស្លាប់ និងជិត២០នាក់ផ្សេងទៀត បាត់ខ្លួនមកទល់នឹងពេលនេះ។
មន្រ្តីទីភ្នាក់ងាររុករកនិងជួយសង្រ្គោះប្រចាំតំបន់ បាននិយាយថា សាកសពមនុស្ស៩នាក់ ត្រូវទាញចេញមកបានពីក្រោមគំនរដីហើយ ខណៈសព៣នាក់ទៀត នៅពុំទាន់ជម្លៀសបាននៅឡើយទេ។ ទន្ទឹមគ្នា មនុស្ស៥នាក់ បានរួចរស់ជីវិតពីការវាយប្រហារគ្រោះរអិលបាក់ដី ប៉ុន្តែរងរបួសកម្រិតចាប់ពីស្រាលដល់ធ្ងន់។ ចំណែក មនុស្ស១៨នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួន។
កាលពីខែឧសភា ឆ្នាំនេះ មនុស្សយ៉ាងហោច១៥នាក់ បានស្លាប់ ក្រោយគ្រោះរអិលបាក់ដី និងទឹកជំនន់ នៅខេត្ត Sulawesi ខាងត្បូង បានវាយប្រហារលើលំនៅដ្ឋានរាប់សិបខ្នង ហើយធ្វើឱ្យខូចខាតផ្លូវថ្នល់។ រីឯ គ្រោះរអិលបាក់ដីមួយទៀត ក្នុងខេត្តដដែល កាលពីខែមេសា បានផ្តាច់ជីវិតមនុស្សប្រហែល២០នាក់៕ ដោយ៖ ធីរីណា
រូបថត៖ AFP