ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតីហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ច៦ភាគរយនៅឆ្នាំ២០២៤នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ៖ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា  ៖ គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។

សម្តេចធិបតីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ៖ បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ខណៈរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ ២០៦,៤១ លានដុល្លារអាម៉េរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប, ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖