ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ឃាត់ខ្លួនមនុស្សចំនួន ៧៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងក្មេងទំនើង ក្នុងថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ មនុស្សចំនួន ៧៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងក្មេងទំនើង ក្នុងថ្ងៃតែមួយកាលពីថ្ងៃទី០៨ កក្កដាម្សិលមិញ។ ក្នុងនោះករណីក្មេងទំនើង ២៩នាក់ និងករណីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនចំនួន ៤៦នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមក្មេងទំនើងទាំង ២៩នាក់នោះ មាននៅភ្នំពេញ ៨នាក់ ត្បូងឃ្មុំ ៦នាក់ ព្រៃវែង ៥នាក់ ស្វាយរៀង ៥នាក់ កណ្តាល ៣នាក់ កំពង់ស្ពឺ ២នាក់។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យ បានថ្លែងបន្ថែមថា៖ កាលពីម្សិលមិញនេះដែរ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនផងដែរ។ ក្នុងចំណោមជនសង្ស័យទាំង ៤៦នាក់នោះ មាន ៣១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១២ករណី និងជនសង្ស័យ ១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១២ករណី។

លោកអ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។

បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕អរុណរះ


ចែករំលែក៖