ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ថ្មីៗនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអង្កេត និងស្រាវជ្រាវរកឃើញថា មានគណនីហ្វេសប៊ុកក្លែងក្លាយ មួយចំនួន បានបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងបណ្តាញសង្គម ហើយថែមទាំងទៅខំមិន (COMMENT) ក្នុង គណនីហ្វេសប៊ុករបស់ថ្នាក់ដឹកនាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ជាក់ស្តែងមានជនអនាមិកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងលួចគណនីហ្វេសប៊ុកអ្នកដទៃ មកកាន់កាប់ ហើយប្រឌិតព័ត៌មានជាច្រើនមានដូចជា៖ ឈ្មោះ SAMBATH SON, មនុស្ស ចិត្តធម៌, អ្នកលក់កាបូប និង CHAN THOEURN ជាដើម តែងតែបង្កើតសារចែករំលែកតាមបណ្តាញសង្គម ដោយចោទប្រកាន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀតផងដែរ។
បន្ថែមពីនេះគណនីហ្វេសប៊ុក SAMBATH SON ដែលបង្កើតដោយជនអនាមិកនោះបានខំមិន (COMMENT) ក្នុងគណនីហ្វេសប៊ុក ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថែមទៀត ដែលមាន ខ្លឹមសារថា «សូមឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត សូមមេត្តាបញ្ជាឲ្យប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវ ជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសឈ្មោះ អៀន គីមអន ព្រមទាំងក្រុមគ្រួសារពាក់ព័ន្ធទាំងអស់ នេះមក ផ្តន្ទាទោសផងបាទរស់នៅក្នុងបូរី Good Luck សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ស្បែកជើងនៅផ្សារលុងគ្រុង្សី (ផ្សារថៃ នៅផ្សារលើ) សូមអរគុណឯកឧត្តម»។
បន្ទាប់ពីមានការ COMMENT នេះកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវដោយ សហការជាមួយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរកឃើញថា ឈ្មោះ សុន សម្បត្តិ មានមុខរបរ ជាមន្ត្រីរាជការ នៅមន្ទីរ សង្គមកិច្ចខេត្តកំពង់ចាម ត្រូវបានជនអនាមិកលួចហ្វេសប៊ុករបស់ខ្លួន (គណនីឈ្មោះ SAMBATH SON) ហើយ ឈ្មោះ សុន សម្បត្តិ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន អំពីហ្វេសប៊ុករបស់ខ្លួនត្រូវបានគេលួចផងដែរ។
ផ្អែកតាមការស៊ើបអង្កេត និងតាមការបំភ្លឺពីជនរងគ្រោះមួយចំនួន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សន្និដ្ឋាន បានថា ប្រភពដែល COMMENT ក្នុងហ្វេសប៊ុក ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គឺជា ព័ត៌មានក្លែងក្លាយ បង្កើតដោយក្រុមជនអនាមិក ដើម្បីចែករំលែកព័ត៌មានបំពុលសង្គម ដែលមានលក្ខណៈញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តាញទំនាក់ទំនងទៅលើប្រជាពលរដ្ឋ មន្ត្រីរាជការ និងថ្នាក់ ដឹកនាំផងដែរ។
ជាចុងក្រោយ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានលេខទូរស័ព្ទ HOTLINE ចំនួន ០៥ខ្សែ៖ 670 ប្រព័ន្ធ CELLCARD អាចហៅ ទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (SMART), 011 248 888 (CELLCARD), 015 222 226 (SMART), 066 661 661 (METFONE) រង់ចាំទទួលការរាយការណ៍ពីសាធារណជន៕ដោយ៖តារា