ព័ត៌មានទាន់ហេតុការណ៍៖

ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដឹកនាំដោយ លោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ នឹងត្រូវរៀបចំឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 បន្ទាប់ពីបានចុះពិនិត្យរួចរាល់ លោករដ្ឋមន្ត្រីប្រតិភូ បានសម្រេចជ្រើសរើសយកទីតាំងសម្រាប់រៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤។ 

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការពិធីប្រសិទ្ធនាមឈ្មោះផ្លូវនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ដោយ​៖ តារា​


ចែករំលែក៖