ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី ៩កក្ដដាម្សិលមិញនេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំឡើងក្នុងវិមានរាជរដ្ឋាភិបាល ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កម្មវិធីនាឱកាសនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោករដ្ឋមន្រ្តីក្រសួងកសិកម្ម លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោក លោកស្រី អ្នកឧកញ៉ា ឧកញ៉ា និងធុរជនកម្ពុជា-បារាំងជាច្រើនរូប។
ជាការប្ដេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងក្នុងវេទិកាធុរកិច្ចនេះផងដែរបើទោះបីជាស្ថានភាពវិនិយោគផ្ទាល់ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែក្នុងនាមឯកឧត្តមផ្ទាល់នឹងព្យាយាមបន្ថែមទៀតជំរុញពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។
មានប្រសាសន៍លើកឡើងក្នុងកម្មវិធីលៀងសាយភោជ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាបន្ទាប់ពីវេទិកាធុរកិច្ចនេះរួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជានឹងមានការកើនឡើងមួយកម្រិតទៀត។
ជាងនេះទៅទៀត នៅមុនបំណាច់ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕
ដោយ៖ តារា