ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)នៅឆមាសទី១ ឆ្នាំ២០២៤ មានចំនួន១១៥.៨៣៨គ្រឿង(កើនឡើងចំនួន៤១.៥៤៨គ្រឿង)បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានរថយន្តមកឆៀកចំនួន ៧៤.២៩០គ្រឿង។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្តថា ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ប្រកាសលេខ ១៧០ ប្រក.សក.ដជគ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ ,ប្រកាស២៣៤ ប្រក.សក.ដជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយម្ចាស់យាន ឬអ្នកប្រើប្រាស់យានមានកាត្វកិច្ចយកយានរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។ គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបន្តថា លតាបត្រ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ប្រភេទយាននីមួយៗមានសុពលភាពដូចខាងក្រោម៖
– រថយន្តថ្មីប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈ
គ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ៤(បួន)ឆ្នាំ
– រថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ២(ពីរ)ឆ្នាំ
– រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២(ពីរ)ឆ្នាំ
– រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១(មួយ)ឆ្នាំ
– សឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២(ពីរ)ឆ្នាំ
– សឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១(មួយ)ឆ្នាំ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ពីអត្ថប្រយោជន៍ នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដូចខាងក្រោម៖
– ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត
– កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
– រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន
– ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិកាតិចក្នុងការជួសជុល
– ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រងទៅលើការបំពុលខ្យល់ពីយានយន្ត)
– បន្ថែមលើនេះសម្រាប់ការអនុវត្តរបស់សមត្ថកិច្ចនៅលើដងផ្លូវ(នគរបាលចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ៕
ដោយ ៖ សិលា