ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ ចំនួន ២០ប្រទេសនិងជាមួយបណ្តាប្រទេសផ្សេងទៀត មានទំហំទឹកប្រាក់សរុបជាង ២៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង១២ពាន់លានដុល្លារកើនឡើងប្រមាណជាង១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ខណៈការនាំចូលពីបរទេសមានចំនួនជាង១៣ ពាន់លានដុល្លារកើនឡើងជាង១២ភាគរយដូចគ្នា។
ទីផ្សារសំខាន់ៗដែលកម្ពុជាបាននាំចេញទំនិញរួមមានប្រទេសចិនជាង៨០០ លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤ពាន់៤០០ លានដុល្លារ, វៀតណាម ជាង ២ពាន់លានដុល្លារ, ថៃ ៤៣៩ លានដុល្លារ, ជប៉ុនជាង ៦២៨ លានដុល្លារ, អាល្លឺម៉ង់ ជាង ៤២៤ លានដុល្លារ, អេស្ប៉ាញ ៤៥១ លានដុល្លារ, កាណាដា ៤៩៤ លានដុល្លារ, អង់គ្លេស ៤២៧ លានដុល្លារ, ហូឡង់ ៣៤៥ លានដុល្លារ, កូរ៉េខាងត្បូង ១៥៥ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ជាច្រើនទៀត។
ចំណែកការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ជិត ៦ពាន់លានដុល្លារ, វៀតណាមជាង ២ពាន់លានដុល្លារ, ថៃជាង១ពាន់៦០០ លានដុល្លារ, សឹង្ហបុរី ៤៥៦ លានដុល្លារ, ឥណ្ឌូនស៊ី ៥២១ លានដុល្លារ, តៃវ៉ាន់ ៣៥៤ លានដុល្លារ, កូរ៉េខាងត្បូង ២៤១ លានដុល្លារ, ម៉ាឡេស៊ី ៣៨៥ លានដុល្លារ, ហុងកុង ១៩៨ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើនទៀត៕
ដោយ៖ សូរិយា