ភ្នំពេញ៖ បុរស២នាក់ខណៈជិះម៉ូតូធុនធំខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវលេខ៤៣០ កែងផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេឃើញបុរស២នាក់ជិះម៉ូតូធុនធំម៉ាក ឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3915 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបានបេីកតាមបណ្ដោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យខ្ទាតទាំងម៉ូតូនិងមនុស្សទៅចិញ្ចេីមផ្លូវរងការខូចខាត ហេីយធ្វេីអោយអ្នកបេីកម៉ូតូរងរបួសបែកក្បាលផែ្នកខាងក្រោយហូរឈាម បាក់កដៃខាងឆ្វេង ចំណែកអ្នកអង្គុយខាងក្រោយបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង ហើយភ្លាមៗនោះជនរងគ្រោះទាំង២ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ដោយឡែកចំពោះរថយន្តវិញនៅពេលបង្កគ្រោះថ្នាក់ហើយបានបន្ថែមល្បឿនបេីករត់គេចបាត់ស្រមោលទៅ។
ក្រោយកេីតហេតុនៅសល់តែម៉ូតូត្រូវសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកដេីម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កមកទទួលខុសត្រូវតាមច្បាប់៕
ដោយ៖សុខាសែនជ័យ