ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីកម្ទេចដ្រូនកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កូរ៉េខាងត្បូងនឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីបាញ់ទម្លាក់ដ្រូនកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ដោយនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលដាក់ពង្រាយនិងធ្វើប្រតិបត្តិការអាវុធប្រភេទនេះនៅក្នុងយោធា។
រដ្ឋបាលកម្មវិធីទិញអាវុធរបស់កូរ៉េខាងត្បូង DAPA បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដានេះថា អាវុធឡាស៊ែរប្រឆាំងនឹងដ្រូនដែលយោធាកូរ៉េខាងត្បូងបានអភិវឌ្ឍជាមួយក្រុមហ៊ុន Hanwha Aerospace គឺមានប្រសិទ្ធភាព និងមានតម្លៃថោកត្រឹមតែ ២០០០វ៉ុន ឬ១.៤៥ដុល្លារ ក្នុងការបាញ់ចេញម្ដងដោយស្ងាត់ៗ និងមិនអាចមើលឃើញ។
តាម DAPA គម្រោងដាក់ពង្រាយអាវុធឡាស៊ែរខាងលើមានឈ្មោះថា «StarWars project»។ ទីភ្នាក់ងារនេះដដែលបានបន្ថែមថា «ប្រទេសរបស់យើងកំពុងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលនឹងដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធឡាស៊ែរ ហើយសមត្ថភាពឆ្លើយតបរបស់យោធារបស់យើងប្រឆាំងនឹងការបង្ករឿងណាមួយពីដ្រូនកូរ៉េខាងជើងនឹងត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងឡើង»។
កាលពីខែធ្នូ ឆ្នាំ២០២៣ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា ដ្រូនកូរ៉េខាងជើង៥គ្រឿងបានឆ្លងចូលកូរ៉េខាងត្បូង ដោយជំរុញទីក្រុងសេអ៊ូល បញ្ជូនយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធធ្វើអន្តរាគមន៍បាញ់ទម្លាក់ដ្រូនទាំងនោះដែលបានបំពានចូលកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕ ដោយ៖ ធីរីណា

រូប​ថត​៖ (Yonhap/TTXVN)


ចែករំលែក៖