ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនមកកាន់តុលាការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនៅស្រុកកំពង់រោទិ៍។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ជា សំណាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។
ចំណែក នារីរងគ្រោះមានឈ្មោះ ឃ. ស.ន អាយុ១៣ ឆ្នាំ រស់នៅ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ប្រភពបន្តថា យោងតាមបណ្ដឹងរបស់ឈ្មោះ រស់ យូន ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិត្រោច ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៣ រសៀល កូនស្រីរបស់ខ្លួន ត្រូវបានឈ្មោះ ជា សំណាង នាំទៅរំលោភសេពសន្ថវៈនៅផ្ទះសំណាក់យីហោ សម្រស់ត្រពាំងឆ្លូញ ស្ថិតនៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលជំនាញ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចរោងចក្រកៃនីង ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៌ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ព្រមទាំងដកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន១ គ្រឿង ,ទូរស័ព្ទដៃចំនួន១គ្រឿង ,សម្លៀកបំពាក់ជនរងគ្រោះ ១កំប្លេផងដែរ៕
ដោយ៖ សុថាន