ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈសារលិខិត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្ដមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្ដរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ បានដាក់ចេញនូវសសរស្ដម្ភសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ យើងចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយដែលមានសសរស្ដម្ភសំខាន់ៗចំនួន៣រួមមាន៖
(១) ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឌីជីថលភាវូបនីយកម្ម តាមរយៈការវិនិយោគ បន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទំនើប និងធនធានមនុស្សដែលអាចឱ្យយើងប្រមូល រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងដែលអាចយកមកប្រើប្រាស់បាន។
(២) ការបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ តាមរយៈការបង្កើនសមត្ថភាពដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹង និងប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវ។ ការជំរុញអក្ខរកម្មទិន្នន័យនេះ អាចផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពរបស់ខ្លួន គ្រួសារ និងសហគមន៍ ដើម្បីស្វែងរកការគាំទ្រ និង ចូលរួមរៀបចំអនាគតសហគមន៍របស់ខ្លួន។
(៣) ការលើកកម្ពស់ក្រមសីលធម៌ទិន្នន័យតាមរយៈការធ្វើឯកជនភាពទិន្នន័យ ដោយប្តេជ្ញាអនុវត្ត ការការពារសិទ្ធិយ៉ាងមុតមាំ ដូចជាច្បាប់ការពារទិន្នន័យតឹងរ៉ឹង និងសុវត្ថិភាពប្រព័ន្ធរក្សាទុកទិន្នន័យ ដើម្បីការពារឯកជនភាពនៃពលរដ្ឋកម្ពុជាគ្រប់រូប។ កិច្ចការនេះ លើកកម្ពស់ទំនុកចិត្ត និងធានានូវ ការប្រើប្រាស់ទិន្នន័យប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា