ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូពីក្រោយបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ នារីកម្មការិនីរោងចក្រពីរនាក់បងប្អូនជិះម៉ូតូដឹកគ្នាទៅធ្វើការមិនទាន់ដល់ផងត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្ដាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៤ ត្រង់ចំណុចភ្លើងស្តុបវិមានឈ្នះ=ឈ្នះកែងផ្លូវហាណូយ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ ឃឿន សុធីម ភេទស្រី អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដឹកប្អួនស្រី ឈ្មោះ ឃឿន ធីប អាយុ ២៨ឆ្នាំ ភេទស្រី (ស្លាប់ ) រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ 

បើតាមប្រភពពីក្រុមគ្រួសារសាច់ញាតិបានឱ្យដឹងថា នារីជនរងគ្រោះទាំង២នាក់តែងតែក្រោកពីព្រលឹមជិះម៉ូតូចេញពីផ្ទះនៅស្រុកពញាឮទៅធើ្វការនៅម្ដុំស្ទឹងមានជ័យដូចសព្វមួយដង ខណៈពេលនារីរងគ្រោះទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-8807 មកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានឈប់រង់ចាំភ្លើងស្តុប ក៏ត្រូវរថយន្តប្រភេទដឹកទំនិញធុនធំបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះទាំង២នាក់បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតម្នាក់និងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនចេញពីទីតាំងកើតហេតុបាត់ស្រមោល ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលព្រែកព្នៅបានចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិសពមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចជំនាញកំពុងធើ្វការស្រាវជ្រាវបន្ត ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖