ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ជ្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។ ដូចនេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២. រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំងដើម្បីជៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។
៣. ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ស្ពាន។
៤. ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ។
៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់ ។
៦. ហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា ក្នុងចម្ងាយ ៥០០ម៉ែត្រ។
អាស្រ័យហេតុនេះ សូមសាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើនាវាចរណ៍ឆ្លងតំបន់សាងសង់ស្ពាន ក្នុងអំឡុងពេល សាងសង់ដូចបានជម្រាបជូនខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ទទួលបានសេចក្តីជូនដំណឹងនេះ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា