ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមFirst Global Team Cambodia ចំនួន១០រូបដែលដឹកនាំដោយនិស្សិតញ៉េប បុញ្ញឫទ្ធិ នៅទីស្តីការក្រសួង។
ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមយុវសិស្សដែលលើកឡើងពីសារបាននៃការចូលរួមប្រកួតរ៉ូបូតកម្រិតអន្តរជាតិមក លោករដ្ឋមន្ត្រីបានស្ងើចសរសើរនិងថែមទាំងលើកទឹកចិត្តយុវសិស្សរបស់កម្ពុជាដែលត្រឹមជាសិស្សវិទ្យាល័យឱ្យបន្តចូលរួមការប្រកួតប្រជែងរ៉ូបូតកម្រិតពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសក្រិកក្នុងទឹកដីអឺរ៉ុប។
សូមបញ្ជាក់ថា First Global Team Cambodia ត្រូវបានបង្កើតឡើនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត។
នៅឆ្នាំ២០២៤នេះក្រុម FIRST Global Team Cambodia ដែលនឹងប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future)ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤៕
ដោយ៖ សូរិយា