ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៦ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងមានគ្នាចំនួន ១៧ នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ ដាវកែច្នៃ និង ដែកទីប បានធ្វើសកម្មភាពកាប់ និងវាយទៅលើក្រុមក្មេងទំនើងផ្សេងទៀត ដែលជាក្រុម J.T(ចិត្តតាន់) ក្រុមC.K(កាហ្វេកុង) និងក្រុមR.S.K(ឫស្សីកែវ) មានគ្នាចំនួនប្រហែល០៦នាក់ បណ្តាលឱ្យ រងរបួសចំក្បាលចំនួន០១កាំបិត និងរងរបួសជាច្រើនកន្លែង រួចក្រុមក្មេងទំនើងខាងលើក៏បានបន្តធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូចំនួន០១គ្រឿងម៉ាក SUZUKI NEX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-6698 របស់ជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងដំណំ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៤ និង ២០ នាទីទៀបភ្លឺ ក្រោយធ្វើ សកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ ១.ឈ្មោះ យឿន សុវណ្ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ប៉ុល តុលា ហៅអាទិ៍ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ អាន គឹមសឺង ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះ សឿន សុគន្ឋសំណាង ហៅណាងម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ៥.ឈ្មោះ ឃុន សុធារ៉ា ហៅ ចាប ភេទប្រុស អាយុ១៨ឆ្នាំ និង៦.ឈ្មោះ មាន មេត្តា ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែក ឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖