អន្តរជាតិ ៖ ថ្ងៃទី១២ខែកក្កដា តារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆមាសទីមួយឆ្នាំនេះត្រូវបានចេញផ្សាយជាផ្លូវការ៖ទំហំនាំចេញនាំចូលសរុបរបស់ពាណិជ្ជកម្មទំនិញ ឡើងដល់២១,១៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបានបន្តនិងពង្រឹងនិន្នាការប្រសើរឡើងវិញកាលពីមុន។ប្រព័ន្ធផ្សាព្វផ្សាយបរទេសដូចជាកាសែត《Financial Times》អង់គ្លេសជាដើមបានយល់ឃើញថា ក្នុងបរិបទនៃកត្តាអវិជ្ជមានជាច្រើន ដូចជាប្រទេសលោកខាងលិចឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ហើយអាមេរិកនិងអឺរ៉ុបដំឡើងពន្ធគយលើផលិតផលចិនជាដើម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចទទួលបាននូវសមិទ្ធផលលើសពីការរំពឹងទុកបែបនេះ គឺបានមកដោយមិនងាយទេ ហើយបានក្លាយជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចចិន។ នេះជាការផ្សាយ របស់គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ ។
គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ជាបថម គឺថា មានទំហំខ្ពស់ជាងមុន។ ក្នុងឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនបានលើសពី២១ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រដោយបំបែកកំណត់ត្រាខ្ពស់ថ្មីម្តងទៀត។បើមើលពីល្បឿនកំណើនអាចឃើញថា ការនាំចេញនាំចូលក្នុងត្រីមាសទីពីរបានកើនឡើង៧.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបញ្ជាក់ថា និន្នាការទៅរកភាពល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងថែមមួយកម្រិតទៀត។
ទីពីរ គឺមានគុណភាពល្អជាងមុន។ ក្នុងឆមាសទីមួយឆ្នាំ២០២៤ ការនាំចេញនាំចូលពាណិជ្ជកម្មជាទូទៅត្រូវជា៦៥ភាគរយ ដែលបានក្លាយជាកម្លាំងសំខាន់នៃការជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេស។ នេះបានឆ្លុះបញ្ចាំងថា ការធ្វើបរិវត្តកម្មនិងធ្វើឱ្យល្អប្រសើរឡើងនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន មានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ហើយរូបមន្តពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ដែលចាត់ទុកពាណិជ្ជកម្មទូទៅជាតំណាងកំពុងក្លាយជាចរន្តសំខាន់។ ក្នុងពេលជាមួយគ្នានេះ “ផលិតផលថ្មីទាំងបី”ដែលយករថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធPVជាតំណាងបន្តទទួលការពេញនិយមនៅទីផ្សារបរទេស ដែលបានបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងទៅក្នុងការលើកកម្ពស់លំដាប់ថ្នាក់និងគុណភាពនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ពាណិជ្ជកម្មជាមួយបទេសរបស់ប្រទេសចិនដែលមានទំហំកាន់តែខ្ពស់និងគុណភាពកាន់តែល្អប្រសើរ បាននាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោក។ ក្រៅពីបានផ្តល់ផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃថោកដល់បណ្តាប្រទេសនានា ប្រទេសចិនក៏បានបង្កើតទីផ្សារប្រើប្រាស់ដ៏ធំធេងសម្រាប់ផលិតផលរបស់បណ្តាប្រទេសនានាផងដែរ។នៅពេលដែលរដ្ឋាភិបាលចិនដាក់ចេញនូវគោលនយោបាយបើកចំហជាបន្តបន្ទាប់ ផលិតផលប្រកបដោយលក្ខណៈពិសេសរបស់បណ្តាប្រទេសកាន់តែមានភាពងាយស្រួលក្នុងការចូលទៅក្នុងទីផ្សារចិន ហើយលំហអភិវឌ្ឍន៍នៅប្រទេសចិនរបស់សហគ្រាសបរទេសក៏កាន់តែធំទូលាយផងដែរ។
បើមើលពីក្របខ័ណ្ឌពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នមានភាពកាន់តែតានតឹង ហើយគាំពារនិយមផ្នែកពាណិជ្ជកម្មកំពុងងើបឡើងវិញដែលបង្កជាបញ្ហាប្រឈមដល់ពាណិជ្ជកម្មសកល។ ហេតុអ្វីបានជាពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចកើនឡើងផ្ទុយពីនិន្នាការ? លោក Wang Junសេដ្ឋវិទូចិនបានវិភាគថា ជាដំបូងនេះបានទទួលផលប្រយោជន៍ពីឧត្តមភាពខាងដើមទុននៃការផលិតដោយប្រទេសចិននិងឧត្តមភាពខាងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ដ៏ពេញលេញរបស់ប្រទេសចិន។លើសពីនេះទៀត តម្រូវការរបស់ពិភពលោកចំពោះផលិតផលចិននាពេលបច្ចុប្បន្នគឺមានភាពខ្លាំងក្លាដែលជំរុញដល់ការនាំចេញរបស់ប្រទេសចិន។ ថែមទាំងការធ្វើបរិវត្តកម្មនិងធ្វើឱ្យល្អប្រសើរឡើងនៃសេដ្ឋកិច្ចចិនទទួលបានការវាយទម្លុះជាបន្តបន្ទាប់ ជាពិសេសមានការរីកចម្រើនយ៉ាងលឿនក្នុងវិស័យផលិតកម្មគុណភាពថ្មី ប្រការទាំងនេះបានជំរុញការទៅរកភាពល្អប្រសើរជាលំដាប់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ពេលថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិជាច្រើនដូចជាធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមបាននាំគ្នាដំឡើងការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២៤។ នេះបានបញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិននៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុតនៃកំណើនសកល ហើយទីផ្សារចិនក៏ជាទីផ្សារដែលអ្នកវិនិយោគបរទេសមិនអាចបោះបង់ចោលបានដែរ។
ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង សេដ្ឋកិច្ចចិនមានទីបង្អែកនិងមានកម្លាំងក្នុងការពុះពារការលំបាកនិងរីកចម្រើនទៅមុខ ដើម្បីចែករំលែកភាគលាភនិងឱកាសនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាមួយពិភពលោក៕
ដោយ ៖ សិលា