ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងបានបន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង 

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងជួយសង្គ្រោះជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំនេះ បានបន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

នៅលើឧទ្ធម្ភាគចក្រ មិនទាន់មានមន្រ្តីណា អាចបញ្ជាក់ថាមានប៉ុន្មាននាក់នោះទេ បើទោះបីមានការផ្សាយនៅលើបណ្តាញសង្គមខ្លះក៏ដោយ តែបើបើយោងតាមផែនការហោះហើររបស់ទ័ពអាកាស បានបង្ហាញថា នៅលើឧទ្ធម្ភាគចក្រមួយគ្រឿងនេះមាន២រូប គឺលោក ស៊ុន ផ្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

សូមបញ្ជាក់ថា ៖ ឧទ្ធម្ភាគចក្រ ហោះចេញនៅវេលាម៉ោង១១ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ហើយហោះត្រឡប់មកវិញនៅវេលាម៉ោង២រសៀលថ្ងៃដដែល ក្រោមរូបភាពហ្វឹកហ្វឺនផ្លូវឆ្ងាយឲ្យអាកាយានិក។

តែយ៉ាងណាក៏ដោយ សូមបន់ស្រន់ និងជូនពរកម្លាំងសង្គ្រោះរបស់យើងទាំងអស់ ទាំងកម្លាំងចូលទៅរុករកក្នុងព្រៃជ្រៅ និងកម្លាំងត្រៀមជួយសង្គ្រោះនៅខាងលើ។

សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ កាលពីម្សិលមិញពេលព្រឹក មានការលំបាកយ៉ាងខ្លាំង ដោយសារមេឃភ្លៀង និងចុះអ័ព្ទយ៉ាងក្រាក់។ សង្ឃឹមថានៅថ្ងៃនេះ ប្រតិបត្តិការនឹងធ្វើឡើង ដោយមិនមានឧបសគ្គច្រើនទៅចុះ។

ក្រសួងការពារជាតិ កាលពីម្សិលមុិញថា ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖