ព័ត៌មានទាន់ហេតុការណ៍៖

 បងប្អូនអ្នកធាក់ស៊ីក្លូ២៩៥នាក់ទទួលបានបណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូ២កំប្លេពីរដ្ឋបាលរាជធានីភ្នំពេញ 

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤  នៅរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យលោក

ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្ដល់បណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំប្លេជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី  បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយលោកឃួង ស្រេង យកចិត្តទុកដាក់និងមើលថែពីសុខទុក្ខបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៥នាក់ បន្តទទួលបានបណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗចំនួន២កំប្លេ។

លោក ម៉េត មាសភក្តី បានបន្តថា ក្រៅពីនេះបងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងការផ្តល់ជូនបណ្ណសមធម៌(ប.ស.ស)នេះ ដើម្បីឲ្យបងប្អូនអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស់ អាល់កុល ជែល ជូនពួកគាត់ថែមទៀត។

លោកម៉េត មាសភក្តី ក្នុងឱកាសនោះដែរ ក៏បានជូនពរអោយបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ ជៀសវាងជម្ងឺផ្សេងៗ តែបើមានជម្ងឺបងប្អូនក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះតែបងប្អូនមានបណ្ណសមធម៌(ប.ស.ស) ដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជម្ងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងលោកអ៊ំ រស់ អ៊ាង ភេទ ប្រុស អាយុ៦៦ឆ្នាំ បានមានប្រសាសន៍ស្រដៀងគ្នាថា៖ លោកពូនិងលោកអ៊ំពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថម្ភដល់ពួកគាត់ ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគនិងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំនិងភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះនៅបានផ្តល់បណ្ណសមធម៌(ប. ស. ស)ដែលអាចអោយពួកគាត់ទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។

សូមបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤៥ ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ៕. ដោយ សំរិត


ចែករំលែក៖