ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) សូមជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាម្ចាស់ក្រុមហ៊ុន/ សហគ្រាស/គម្រោង ទាំងអស់ជ្រាបថា៖ រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី ន.អ.ប.។ ដូច្នេះ ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណគឺជាអំពើល្មើស ដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។
ដូចនេះ ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អ.ស.ហ. លេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ទាំងអស់ជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា