ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានដេកស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួនរហូតដល់ហើមស្អុយទៅហើយ ទើបកូនស្រីមកឃើញហើយក៏រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ បង្កឱ្យមានការភ្ញាក់ផ្អើល។
ការភ្ញាក់ផ្អើលឃើញបុរសម្នាក់ដេកស្លាប់នេះគឺកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីនគរបាលស្រុកសំរោងទងថា មានករណីកូនស្រីបានប្រទះឃើញសាកសពឪពុកបានដេកស្លាប់នៅក្នុងផ្ទះ ហើយបានរាយការណ៍ទៅសមត្ថកិច្ចជួយស្រាវជ្រាវរឿងពិតផង ។
នគរបាលស្រុកសំរោងទងបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះសែម ហួត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយបានដេកស្លាប់នៅលើគ្រែ(នៅផ្ទះកើតហេតុ)។
នគរបាលបានបន្តទៀតថា បើតាមការបំភ្លឺពីឈ្មោះហួត គីមឆ័ង ភេទស្រី អាយុ ២០ឆ្នាំ (ត្រូវជាកូនសព) រស់នៅភូមិទម្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានបំភ្លឺថា នៅមុនពេលកើត រូបខ្លួនបានចេញពីផ្ទះមកមើលឪពុក។ ពេលមកដល់ បានឃេីញឪពុកដេកស្លាប់នៅក្នុងផ្ទះ មានសភាពហើមស្អុយទៅហើយ។ កូនស្រីប្រាប់នគរបាលទៀតថា សពបុរសខាង លើមានជំងឺប្រចាំកាយ គឺ(ជនរងគ្រោះមានជំងឺលើសឈាម)។
ក្រោយមានការភ្ញាក់ផ្អើល នគរបាលជំនាញបានធ្វើការពិនិត្យលើសាកសពជាលទ្ធផលសពដែលស្លាប់នៅក្នុងផ្ទះ លើគ្រែជាប់ជញ្ជាំង មានសភាពហើមស្អុយ។
តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិតលាភ សោភ័ណ្ឌគ្រូពេទ្យកោសល្យវិច័យខេត្តកំពង់ស្ពឺ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សូរិយា