ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលថា «នៅថ្ងៃនេះ រកឃើញបំណែកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនៅជួរភ្នំក្រវ៉ាញ»។
សូមជម្រាបជូនថា មានបណ្តាញសង្គមមួយចំនួនជាពិសេសក្រុម MMO បានផ្សព្វផ្សាយដោយគ្មានមូលដ្ឋានថា «ដំណឹងបន្ទាន់ រកឃើញបំណែក ឧទ្ធម្ភាគចក្រ ហើយ នៅថ្ងៃទី14 នេះចំណែក មនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ»។
លោកអ្នកនាំពាក្យ បានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងនោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយលោកបានស្នើដល់សាធារណជន កុំមានការភាន់ច្រឡំ។
គួរបញ្ជាក់ថា បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាលពីព្រឹកមិញនេះ បានមានប្រសាសន៍ថា ក្នុងឧទ្ធម្ភាគចក្រនេះ មានមនុស្ស២នាក់ គឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់។ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបាត់ដំណឹង នៅតំបន់ភ្នំជួរក្រវ៉ាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងហ្វឹកហ្វឺន៕
ដោយ៖ តារា