ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសង្គមកិច្ច ត្រូវបានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពី ទិវាជាតិសង្គមកិច្ច សម្រេច ៖

មាត្រា១..ត្រូវបានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

មាត្រា២..គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិង បរទេស គ្រឹះស្ថានអប់រំការងារសង្គមកិច្ច សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា និងវិស័យឯកជន ចូលរួម បំផុសដល់សាធារណជនឱ្យយល់ដឹងអំពីការងារសង្គមកិច្ចនិងកម្លាំងសេវាសង្គម។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាជាតិសង្គមកិច្ច ដោយសហការ ជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមអ្នកវិជ្ជាជីវៈ សង្គមកិច្ចកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ព្រមទាំងភាគីពាក់ព័ន្ធ។

មាត្រា៣..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖