ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម នេត្រ ភក្រ្តា និងឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធី បញ្ចុះសព ឯកឧត្ដម លី វ៉ាន់ ហុង

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្រ្តមណ្ឌលកំពង់ចាម អញ្ជើញជាអធិបតីពិធី បញ្ចុះសព ឯកឧត្ដម លី វ៉ាន់ ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន នាថ្ងៃព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅ ក្នុង បរិវេណ វត្ដ អង្គព្រះភ្នៀត ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ និង មាន ការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំ និង មន្ដ្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ញាតិមិត្ត ជិត ឆ្ងាយ នៃគ្រួសារសពជាច្រើនរូប ផងដែរ។

សូមរម្លឹកថា ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។

សព ឯកឧត្តម លី វ៉ាន់ហុង ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីប៉េង ហួត បឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើសារលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះ ក្មួយស្រី លី ណាវិន ត្រូវជាកូននៃសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ ដោយក្នុងសារលិខិតបានគូសបញ្ជាក់ថា ជំនួសមុខឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា ដោយបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ត្រូវជាឪពុករបស់ក្មួយស្រី ដែល បានទទួលមរណភាព នៅថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។

យើងទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឪពុក និងសមាជិកគ្រួសារជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះ ក្មួយស្រី និងក្រុមគ្រួសារ។ ការបាត់បង់ ឯកឧត្តម លី វ៉ាន់ហុង គឺជាការបាត់បង់ថ្នាក់ដឹកនាំ ១រូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមចំណែក យ៉ាងសកម្ម ក្នុងបុព្វហេតុការងាររបស់ក្រសួងព័ត៌មាន។

ជាថ្មីម្តងទៀត យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជកាេក្រសួងព័ត៌មាន សូមចូលរួមរំលែកមរណទុក្ខជាមួយ ក្មួយស្រី លី ណាវិន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងជូនដល់វិញ្ញាណក្ខន្ធរបស់សព ឯកឧត្តម លី វ៉ាន់ហុង សូមបានចាប់បដិសន្ធិ និង សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

តមកនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អស់លោក លោកស្រី ជាមន្ត្រីរាជការ តាមបណ្តាអគ្គនាយកដ្ឋាន អង្គភាពចំណុះអោយក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាពគួរអោយសោកស្តាយ និងអាឡោះអាឡៃបំផុត ។

សព ឯកឧត្តម លី វ៉ាន់ហុង ត្រូវបានក្រុមគ្រួសារ បងប្អូនសាច់ញាត្តិ តម្កល់ធ្វើបុណ្យនៅគេងហដ្ឋាន ក្នុងបុរីប៉េងហូតបឹងស្នោរ រហូតដល់ថ្ងៃចន្ទ័ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ដង្ហែសពយកទៅធ្វើពិធីបុណ្យបញ្ចុះនៅ វត្តអង្គព្រះភ្នៀតស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖