ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្តាប់ (គ.ជ.អ.ស) បានអញ្ជើញជា អធិបតីក្នុង កិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្តាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គម កិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់នេះ មានចូលរួមថ្លែងសុន្ទរកថាពី លោក Hamza Ali Malik នាយកទទួលបន្ទុកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញប្បទានសម្រាប់ ការអភិវឌ្ឍរបស់ UN-ESCAP និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងមានការ ចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញ របស់ UN-ESCAP។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុល សាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាព និងបង្កើនផលិតភាពសេដ្ឋកិច្ច។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំកម្ពុជាឱ្យសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។ លោក បានបន្ថែមថា លើ មូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អស់រយៈពេលជាង ១១ខែ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើម ជាច្រើនជាពិសេស លើវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាព ការងារ ការដោះស្រាយ ទំនាស់ សកម្មភាពអាកាសធាតុ និងផ្សេងៗទៀត។ រាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាថានឹង “មិនទុកនរណាម្នាក់ ចោល” និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់ក្រុមដែលខ្វះខាត និងងាយរងគ្រោះ ដើម្បីធានាឱ្យ ប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដំណាក់កាលទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដែលបាន និងកំពុងអនុវត្តបាន ផ្តល់នូវអត្ថប្រយោជន៍ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ជីវភាពរស់

នៅរបស់ពួកគាត់បានប្រសើរឡើង ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវឋានៈ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន គឺអាស្រ័យដោយ សន្តិភាព និងស្ថិរភាព ដែលបានកសាងឡើង និងការពារដោយរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពី ដៃគូអភិវឌ្ឍន៍ ជាពិសេសស្ថាប័ននានារបស់អង្គការសហប្រជាជាតិ រួមមាន UN-ESCAP និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ជាពិសេស UN- ESCAP និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ការកសាងសន្តិភាពនិងស្ថិរភាព និងការការពារបរិស្ថាននៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ហើយការចូលរួមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP នាពេលថ្មីៗនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់រាជ រដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោក បានលើកឡើងជាពិសេសថា កម្ពុជាបាន និងកំពុងបន្តចូលរួមយ៉ាង សកម្មក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែង ដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។


ចែករំលែក៖