ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលមីយ៉ាន់ម៉ានិងសម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច យល់ព្រមទទួលយកបទឈប់បាញ់ក្នុងរដ្ឋ Shan

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បាននិយាយថា ខ្លួនបានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល៤ថ្ងៃ ជាមួយរបបសឹក នៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាដែលកងកម្លាំងសម្ព័ន្ធក្រុមប្រដាប់អាវុធភាគតិចដណ្ដើមបានទឹកដីមួយចំនួនពីយោធា នៅតាមបណ្ដោយផ្លូវ highway យុទ្ធសាស្ត្រមួយភ្ជាប់ទៅកាន់ប្រទេសចិន។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យម្នាក់មកពីកងកម្លាំង Ta’ang National Liberation Army ហៅកាត់ថា TNLA បានគូសបញ្ជាក់ដូច្នេះថា «យើង…បានបង្ហាញកិច្ចសហប្រតិបត្តិការជាមួយចិន ដោយយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល៤ថ្ងៃ នៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងជើងប្រទេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៨ ខែកក្កដា»។ ប៉ុន្តែ បទឈប់បាញ់នេះមិនបានគ្របដណ្ដប់លើតំបន់ក្បែរខាង គឺតំបន់ Mandalay នោះទេ។
ចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់របបសឹកមីយ៉ាន់ម៉ា ប៉ុន្តែក្រុមអ្នកវិភាគខ្លះបាននិយាយថា ទីក្រុងប៉េកាំងក៏កំពុងរក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកាន់កាប់ទឹកដីនៅតាមបណ្ដោយព្រំដែនរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖