ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ជាលើកដំបូង ក្រោយលោកចូលកាន់តំណែងបានប៉ុន្មានថ្ងៃនេះ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី ដែលជាអភិបាលរងខេត្ត លោក លោកស្រី គណៈអភិបាលក្រុង/ស្រុក កម្លាំងគណៈបញ្ជាការឯកភាព និង មន្ទីរអង្គភាពជុំវិញ ដែលពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៥ ខែឧកក្កដា ឆ្នាំ២០២៤ នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូង របស់លោក ក្រោយចូលកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងថ្មី។ ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងដាក់ផែនការថ្មីៗបន្ថែមទៀត។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកសរ សុពុត្រា បានដាក់ផែនការសំខាន់ៗរួមមាន៖
-ការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ -ការគ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្ត -ណែនាំ និងដាក់ផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់សង្គម ការពារធនធានធម្មជាតិ ការអនុវត្តលក្ខណៈសម្បត្តិទី៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តក្រុង ស្រុក របស់ខ្លួន។
លោក សរ សុពុត្រា បានថ្លែងទៀតថា កិច្ចការដែលសំខាន់បំផុតនាពេលនេះគឺពាក់ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាក្មេងទំនើងដែលដើរបង្កអសន្តិសុខធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់មានការភ័យខ្លាច។ ក្នុងនោះលោកអភិបាលខេត្ត ជំរុញដល់ គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបែងចែកវេន ដើម្បីដើរល្បាត និងត្រូវលើកទឹកចិត្តដល់ប្រជាការពារភូមិដើម្បីជាជំនួយក្នុងការការសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីនោះទៀតលោក សរ សុពុត្រា ក៏ជំរុញមន្រ្តីបម្រើការងារលើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបនិងគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ឲ្យទាន់ពេលវេលា និងជំរុញអំពី បញ្ហាកែលម្អរសួន សាធារណក្នុងក្រុង និងភ្លើងបំភ្លឺផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តស្តឹងត្រែង ពីព្រោះខេត្តស្ទឹងត្រែងជាខេត្តមួយ ជាចំណុចគោលដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
សម្រាប់រដ្ឋបាលក្រុងស្រុកក៏ត្រូវប្រើវិធីកៀរគរអ្នកវិនិយោគ មកធ្វើការវិនយោគលើវិស័យផ្សេងៗ តាមអនុសាសន៍សម្តេចបវរធិបតី គឺយុទ្ធសាស្រ្ត «ទាក់ម៉ូយ» ដើម្បីបានជាទុកសម្រាប់កសាងខេត្ត។ ទន្ទឹមនិងនេះលោក សរ សុពុត្រា បានជំរុញបន្ថែមដល់អាជ្ញាធរកម្លាំងមានសមត្ថកិច្ចត្រូវខិតខំប្រឹងពង្រឹងនូវសន្តិសុខសណ្តាប់សាធារណៈនៅមូលដ្ឋាន ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសនានាដែលបានកើតឡើងក្នុងមូលដ្ឋាន ពិសេសបញ្ហាស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជនឆ្លងដែនខុសច្បាប់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់រូបភាពជាដើម។
លោក សរ សុពុត្រា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកបានបង្ហាញពីការទទួលខុសត្រូវ លើការដឹកនាំ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ» «គិតគូរប្រកបដោយការទទួលខុសត្រូវ រៀបចំប្រកបដោយភាពបត់បែន ដើម្បីធ្វើឱ្យប្រសើរឡើង ស្របតាមបំណងប្រាថ្នារបស់ប្រជាជន» «បង្កើតស្នាដៃ កសាងសមិទ្ធផល ជូនប្រជាជន» «ពិតណាស់ប្រាកដជាជួបការលំបាក រួមជាមួយឧបសគ្គខ្លះៗ ព្រោះគ្មានជោគជ័យណា ដែលមិនឆ្លងកាត់ដំណាក់កាលទាំងនេះទេ» «ធ្វើជាមេទ័ព កុំសំងំសុខឱ្យសោះ» ៕
ដោយ ៖ សិលា