ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាននាំយកកូនឈើ៤ពាន់ដើម ទៅដាំក្រោមប្រធានបទ «ពន្លកបៃតង» ក្នុងបរិវេណវត្តពាមមេត្រី ស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ÷ កូនឈើចម្រុះប្រមាណ ៤.០០០ដើម ត្រូវបានក្រសួងបរិស្ថាននាំយកមកដាំក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមប្រធានបទ «ពន្លកបៃតង» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ពិធីនេះរៀបចំឡើង ដោយមានការអញ្ចើញចូលរួមពីលោកខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងបរិស្ថាន តំណាងបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ព្រះភិក្ខុរជិរប្បញ្ញោ គូ សុភាព, លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានតំណាងដៃគូ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ ប្អូនៗយុវជននិងសិស្សានុសិស្សជាច្រើនរយនាក់។

លោកអនុរដ្ឋលេខាធិការ ខ្វៃ អាទិត្យា ថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ហើយតាម រយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខុមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមកកម្ពុជាផងដែរ។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន បានជំរុញការដាំដើមឈើឱ្យច្រើនដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ រហូតមកធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។

ព្រឹត្តិការណ៍ «ពន្លកបៃតង» ប្រារព្ធធ្វើ នាថ្ងៃទី ១០-១៦ ខែកក្កដា ឆ្នាំ២០២៤ បានផ្សព្វផ្សាយនិងចែកកូនឈើជូនសាធារណជនយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្ដីពីការដាំឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាំពលរដ្ឋនៅតាមតំបន់ ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាម រយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ ៕


ចែករំលែក៖