ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសន្តិភាពជាកត្តាសំខាន់បំផុត ហើយទោះកាលៈទេសៈណាក៏ដោយមិនអនុញ្ញាតឱ្យមានការកាប់សម្លាប់ដូចសម័យខ្មែរក្រហមវិលត្រឡប់មកវិញឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។ ក្នុងនោះ សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតដែរថា «សន្តិភាព» នៅតែមានតម្លៃជានិច្ចសម្រាប់កម្ពុជានិងពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកសន្តិភាពជាកត្តាសំខាន់បំផុត ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យអំពើហិង្សាណាមួយដូចសម័យ ប៉ុល ពត កើតឡើងវិញម្តងទៀតនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងបានចាត់ទុកថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរ (អតីតមេដឹកនាំរបបខ្មែរក្រហម) មកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចការពារសន្តិភាព និងនាំឲ្យកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការជំរុញផ្សព្វផ្សាយឯកសារប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មានចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ពលខ្មែរគ្រប់រូប ត្រូវទប់ស្កាត់ នូវអំពើបែបនេះ ឲ្យខាងតែបានផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖