ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសនៃជំនួប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្ដេចធិបតី និងការអរគុណចំពោះសម្ដេចធិបតីដែលបានផ្ញើសារអបអរសាទរក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន។ លើសពីនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ និងអបអរសាទរលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្ដេចធិបតីក៏បានរំឭកពីទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន និងដែលតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរការរីកចម្រើន ហើយសម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លេីវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណេីនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម,​ ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដេីម។  បន្ថែមពីនេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខ ដូចជាការធ្វើលំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន​ ជាពិសេស អំពើឆបោកតាមអ៉ីនធឺណិត ជាដើម។ 

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរដល់លោកជំទាវ ឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា និងបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូតដេីម្បីពង្រឹង និងពង្រីកទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រេីនបន្ថែមទៀត ៕

ដោយ​៖ តារា​


ចែករំលែក៖