ខេត្តស្ទឹងត្រែង ៖ សេចក្តីជូនដំណឹង ស្តីពីការរុះរើរបារកាត់ទទឹងផ្លូវ ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ យោងលិខិតលេខ ៥២ សជណ.មយ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ជាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ម្ចាស់ផ្ទាំង ផ្សាយពាណិជ្ជកម្ម របារកាត់ទទឹងផ្លូវ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង មេត្តាជ្រាបថា៖ កន្លងមក រដ្ឋបាលខេត្ត បានសង្កេតឃើញមានការតម្លើងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីតាំង មួយចំនួន គ្មានច្បាប់អនុញ្ញាតខ្លះទៀតមានសភាពចាស់ទ្រុឌទ្រោម និងដាច់ធ្លាក់ ហើយថែមទាំងបានផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ សកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម៖
១. ធ្វើការរុះរើរបារកាត់ទទឹងផ្លូវចេញពីទីតាំងលើកំណាត់ផ្លូវលេខ៦៤ មុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ក្បែរ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងផ្ទាំងផ្សាយពាណិជ្ជកម្មលើសួនរង្វង់មូលអូរពងមាន់ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរើយកទៅដាក់នៅទីតាំងសមរម្យណាមួយ។
២. ធ្វើការរុះរើស្លាកប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់ ដោយ លើកទឹកចិត្តក្នុងការកែសម្រួលមកផ្សព្វផ្សាយរូបភាពតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិនានា ក្នុងខេត្តវិញ។
៣. ធ្វើការរុះរើផ្ទាំងប៉ាណូដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ និងនៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ឬដាច់រហែក ចាស់ពុកផុយ ទ្រុឌទ្រោម និងត្រូវហាមឃាត់រាល់ការបំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម ទាំង រូបភាព និងខ្លឹមសារអក្សរ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៤. រដ្ឋបាលខេត្ត ទុករយៈពេល៣០ថ្ងៃ សម្រាប់លោក លោកស្រី ដើម្បីធ្វើការរុះរើដោយស្ម័គ្រចិត្ត ផុតរយៈពេលកំណត់នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរុះរើស្របតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីនេះ រដ្ឋបាលខេត្ត មិនទទួល ខុសត្រូវចំពោះការខូចខាតជាយថាហេតុណាមួយ ដែលបណ្តាលមកពីការរុះរើនោះឡើយ។
រដ្ឋបាលខេត្ត មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី នឹងអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតី ម្ចាស់ការ និងកាតព្វកិច្ចចូលរួមទទួលខុសត្រូវខ្ពស់។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ៖ ខ្ញុំស្នើសុំការគាំទ្រពីបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ចំពោះវិធានការនេះ។
លោកបន្តថា ៖ ខ្ញុំក៏សំណូមពរដល់ម្ចាស់អាជីវកម្មដែលពាក់ព័ន្ធទាំងអស់ សូមផ្តល់ការសហការរុះរើដោយស្ម័គ្រចិត្តផងដែរ ៕
ដោយ ៖ សិលា