ទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម នៅថ្ងៃចន្ទ ១០កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ក្រសួង អញ្ជើញចូលរួម វេទិកា នយោបាយកម្រិតខ្ពស់ ស្តីពី ការអភិវឌ្ឍ ប្រកប ដោយចីរភាព ឆ្នាំ ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ នេះជាការបញ្ជាក់ពីក្រសួង ធនធានទឹក និង ឧតុនិយម នៅថ្ងៃពុធនេះ ។
សូមជម្រាបថា ក្នុងអំឡុង វេទិកា លោករដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រោមប្រធានបទ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រ ក្នុងគ្រាមានវិបត្តិ ដោយផ្តល់ដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាព និរន្តរភាព មានភាពធន់ និងនវានុវត្តន៍ និង បានធ្វើ សេចក្តីថ្លែងការណ៍ស្ដីពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និងអនាម័យ (SDG 6) នៅក្នុងព្រឹត្តិការណ៍ពិសេសកម្មវិធីសកម្មភាពទឹក។
លោករដ្ឋមន្ត្រី បានជម្រាបប្រាប់ដល់អង្គវេទិកាថា ប្រទេសកម្ពុជា បាន ប្តេជ្ញាចូល រួមចំណែកនៅ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុង ការផ្លាស់ប្តូរទៅ ប្រើ ប្រាស់ ថាមពលកកើតឡើងវិញ បង្កើនភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការគ្រប់គ្រងដីនិងទឹកប្រកបដោយនិរន្តរភាព ព្រមទាំង បាន អំពាវនាវឱ្យមានការពង្រឹងសាមគ្គីភាពជាសាកល ដើម្បីដោះស្រាយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាព។
សូមបញ្ជាក់ថា វេទិកា នយោបាយកម្រិតខ្ពស់ ស្តីពី ការអភិវឌ្ឍ ប្រកប ដោយចីរភាព ឆ្នាំ ២០២៤ ប្រព្រឹត្ត ទៅ ពី ថ្ងៃទី ១៥-១៨ ខែ កក្កដា ឆ្នាំ ២០២៤ ដោយមានសមាជិកចូលរួមប្រមាណ ១៦៩ប្រទេសមកពី គ្រប់តំបន់។ ដោយឡែក ប្រទេសកម្ពុជា សាធារណរដ្ឋឆេក និងហ្ស៊កដានី ត្រូវបាន អង្គការ សហ ប្រជា ជាតិ ជ្រើសរើសជាប្រទេសដែលអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និង អនាម័យ បានល្អប្រសើរ និងបានអញ្ជើញតំណាងពី ប្រទេសទាំង៣ ដើម្បី ធ្វើការ ចែករំលែកបទពិសោធន៍ទៅ ដល់ បណ្តា ប្រទេសផ្សេងទៀតដែលកំពុងជួបបញ្ហា៕
ដោយ ៖ សិលា