ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំង យល់ព្រម លិខិតលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីតែព្រមដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នសិន

ចែករំលែក៖

សារព័ត៌មាន AFPបានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១៦ ខែកក្កដា បានទទួលយកលិខិតលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Gabriel Attal ហើយ តែលោក Attal នឹងបន្តកាន់តំណែងជាបណ្ដោះអាសន្នសិន។
នយោបាយបារាំងបានធ្លាក់ចូលទៅក្នុងភាពជាប់គាំង ចាប់តាំងពីការបោះឆ្នោតសភាមុនអាណត្តិកាលពីដើមខែកក្កដា ខណៈគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាកំពុងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងបរិបទដែលមិនទាន់ច្បាស់លាស់ថាតើនរណានឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងជំនួសលោក Attal។
តាមវិមានប្រធានាធិបតីបារាំងអេលីហ្សេ (Elysee) លោក Attal នឹងបន្តដឹកនាំរដ្ឋាភិបាលជាបណ្ដោះអាសន្នសិន រហូតទាល់តែនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ វិមាន Elysee បានបន្ថែមទៀតថា ដើម្បីអាចបញ្ចប់ភាពជាប់គាំងឱ្យបានឆាប់ វាគឺអាស្រ័យទៅលើក្រុមអ្នកសាធារណរដ្ឋយល់ព្រមធ្វើការជាមួយគ្នាដើម្បីកសាងសាមគ្គីភាព ប៉ុន្តែមិនមានការចូលរួមពីក្រុមស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុលនោះទេ។
លោក Gabriel Attal មានអាយុ ៣៤ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងកាលពីខែមករា ឆ្នាំ២០២៤ ដែលធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងម្នាក់ នៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង។ មុនក្លាយជានាយករដ្ឋមន្ត្រី លោក Attal ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖ Le Point


ចែករំលែក៖