ខេត្តត្បូងឃ្មុំ៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំពង្រឹងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់នៅទូទាំងប្រទេស។ ជាមួយនោះគេបានឃើញសកម្មភាពដាក់ឲ្យដេញថ្លៃផ្លូវក្រាលគ្រួសក្រហម១ខ្សែដោយធ្វើឡើងនៅសាលាឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧កក្កដាឆ្នាំ២០២៤ មិនមានកម្លាំងនគរបាលឬអាវុធហត្ថជួយសម្រួលនោះទេ។ តែការដេញថ្លៃត្រូវបានគេមើលឃើញមានរបៀបរៀបរយល្អមិនមានអ្នកចាប់ទាញដៃទាញជើង ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ឬភាពរញ៉េរញ៉ៃណាមួយកើតឡើងទេ។ ក្រុមហ៊ុនដែលចូលរួមដេញថ្លៃបានយកប៊ីតទៅដាក់ក្នុងប្រអប់សំបុត្រតាមលំដាប់លំដោយទៀតផង។
លោក ជា ប៊ុនពៅ ប្រធានលទ្ធកម្មឃុំជីរោទិ៍ទី២ បានឲ្យ ដឹងថា ផ្លូវក្រាលគ្រួសក្រហម១ខ្សែដែលត្រូវដាក់ដំណើរ ការដេញថ្លៃមានប្រវែង៨០០ ម៉ែត្រនិងលូកាត់ទទឹងផ្លូវ ២កន្លែងតម្លៃដាក់ឲ្យដេញថ្លៃជាង១០៥លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន៧ ចូលរួមប្រកួតប្រជែងបានទៅលើក្រុមហ៊ុនលីឈួនតម្លៃជាង២៣លានរៀល គឺមានការបញ្ចុះរហូតដល់ជាង៧០% ឯណោះកត្តានេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានអាចព្រួយរឿងគុណភាពផ្លូវ។
ប្រធានលទ្ធកម្មឃុំរូបនេះមានប្រសាសន៍បន្តថា ដើម្បីឲ្យដំណើរការដេញថ្លៃបានប្រព្រឹត្តទៅដោយយុត្តិធម៌ ត្រូវធ្វើយ៉ាងណារក្សានៅវិន័យកុំឲ្យមានភាពរញ៉េរញ៉ៃហើយតាមលក្ខខណ្ឌដេញថ្លៃគឺក្រុមហ៊ុនណាដែលដេញចុះជាងគេ គឺក្រុមហ៊ុននោះជាអ្នកឈ្នះ។
នៅក្នុងអាណត្តិរបស់លោកជាមេឃុំ ភាពរញ៉េរញ៉ៃបានកើតឡើងតែម្ដងគត់។ ដោយមានបទពិសោធន៍នោះហើយទើបយើងកែតម្រូវឲ្យមានភាពត្រឹមត្រូវឡើងវិញ។ សូមក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃធ្វើយ៉ាងណាគណនាលេខឲ្យបានត្រឹមត្រូវក្នុងករណីដែលខុសហើយនោះមិនអាចកែតម្រូវបានវិញទេជាសវាងកុំឲ្យមហាជនមានការចោទប្រកាន់ថាបានឃុបឃិតគ្នា។ ក្នុងករណីគណនាដាក់តម្លៃខ្ពស់ហើយនោះមិនអាចកែចុះមកទៀតវិញបានទេ បើពុំនោះនឹងធ្វើឲ្យមានបញ្ហាសតិ អារម្មណ៍របស់អ្នកចូលរួមដេញថ្លៃ។
តាមការសង្កេតដោយផ្ទាល់ក្រុមហ៊ុនដែលបានមកចូល រួមដេញថ្លៃ គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជា ច្រើនឆ្នាំមកហើយដូច្នេះសូមរក្សារបៀបរៀបរយឲ្យបានល្អ។ អាជ្ញាធរមូលដ្ឋានមិនចង់ឃើញការដេញថ្លៃចុះច្រើនបែបនេះ ដែលធ្វើឲ្យក្រុមហ៊ុនអាចខាតបង់ថវិកាសំខាន់ធ្វើយ៉ាងណាក្រុមហ៊ុនទទួលបានប្រាក់ចំណេញហើយរដ្ឋក៏ចំណេញ។
លោកជា ប៊ុនពៅ ប្រធានលទ្ធកម្មឃុំបញ្ជាក់ថា នៅក្នុងឃុំរបស់លោកគឺមានចំនួន១២ភូមិ ចំពោះផ្លូវដីដែលលំបាកធ្វើដំណើរក្នុងភូមិត្រូវបានអភិវឌ្ឍន៍ទៅជាផ្លូវក្រាលគ្រួសក្រហមទាំងអស់។ នៅព្រឹកថ្ងៃទី១២កក្កដា នេះគឺដេញថ្លៃផ្លូវមួយខ្សែប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិស្រែសៀម ចំពោះថវិកាដែលថ្នាក់ជាតិទម្លាក់ចុះមកក៏មានសរុបរហូតដល់ជាង ៤០០លានរៀល។ ដូច្នេះថវិកានៅសល់ប្រមាណ៣០០លានរៀល គឺនឹងរៀបចំដាក់ឲ្យដេញថ្លៃផ្លូវបេតុងមួយខ្សែចាប់ពីពេលនេះតទៅផ្លូវក្រាលគ្រោះក្រហមលែងមានទៀតហើយ។ គឺអាជ្ញាធរមានការអភិវឌ្ឍន៍ទៅជាផ្លូវបេតុងទាំងអស់ ទោះជាប្រវែងខ្លីក៏ពិតមែនតែប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើប្រយោជន៍សាធារណៈដល់ពលរដ្ឋទូទៅទាំងអ្នកនៅក្នុងតំបន់និងក្រៅតំបន់៕
ដោយ៖ សូរិយា