សារព័ត៌មាន Business Insider សរសេរថា៖ នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាម រុស្ស៊ីនឹងដកហូតឧត្តមភាពដែនអាកាសរបស់អង្គការណាតូ ដោយមានការគាំទ្រពីកម្លាំងការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ខ្លួន។
អត្ថបទនេះបាននិយាយថា “រុស្ស៊ីមានសមត្ថភាពអាចប្រកួតប្រជែងលើការគ្រប់គ្រងជាប្រវត្តិសាស្ត្ររបស់អង្គការណាតូនៅលើអាកាស។ វាទំនងជាពិបាកសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការសម្រេចបាននូវឧត្តមភាពនៅលើមេឃ ទោះបីជាមានយន្តហោះចម្បាំងលំដាប់ថ្នាក់ពិភពលោកទាំងមូលរបស់ពួកគេក៏ដោយ” ។
ដូចដែលអ្នកសារព័ត៌មានបានកត់សម្គាល់ កងកម្លាំងទ័ពអាកាសនៃប្រទេសលោកខាងលិចមិនដែលជួបប្រទះកម្រិតការពារដែនអាកាសដូចរបស់រុស្ស៊ីទេ។ អត្ថបទបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលជម្លោះក្នុងប្រទេសអ៊ុយក្រែន កងទ័ពរុស្ស៊ីបានបង្ហាញថា ខ្លួនមានសមត្ថភាពបង្កើតតំបន់ការពារដែនអាកាសដ៏ស្មុគស្មាញបំផុត ជាមួយនឹងរ៉ាដាដ៏មានឥទ្ធិពល ឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធមីស៊ីល។
អ្នកនិពន្ធអត្ថបទបានសន្និដ្ឋានថា “រុស្ស៊ីគឺជាគូប្រជែងខុសគ្នាទាំងស្រុង។ ពួកគេមានទឹកដីនិងធនធានសម្រាប់សាងសង់ និងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសដ៏ធំនិងទំនើប ដែលនឹងពិបាកក្នុងការបំផ្លាញ”។
កន្លងមក មេបញ្ជាការកងកម្លាំងការពារដែនអាកាស អគ្គមេបញ្ជាការរងនៃកងកម្លាំងអាកាសរុស្ស៊ី លោកឧត្តមសេនីយ៍ Andrei Semenov បាននិយាយថា កម្លាំងការពារដែនអាកាសកំពុងសម្របខ្លួនភ្លាមៗ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល។ យោងតាមមេបញ្ជាការ ក្រុមប្រយុទ្ធនៃស្ថានីយរ៉ាដា និងប្រព័ន្ធកាំជ្រួចការពារដែនអាកាសបាននិងកំពុងកែលម្អឥតឈប់ឈរនូវប្រព័ន្ធដែលមានស្រាប់ និងបង្កើតវិធីសាស្រ្តថ្មី ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាស ចាប់តាំងពីថ្ងៃដំបូងដែលបានបង្កើតតំបន់យោធាភាគខាងជើង៕ ដោយ៖ ធីរីណា
រូបថត៖ Getty