ព័ត៌មានទាន់ហេតុការណ៍៖

ការចុះពិនិត្យទីតាំងដាំបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលនឹងត្រូវសម្ពោធនៅថ្ងៃទី១៩ កក្កដា ២០២៤ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មការរៀបចំពិធីដាំបង្គោលផ្លាកសញ្ញាមហាវិថី ស៊ី ជីនពីង នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤​ បានអញ្ជើញចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីដាំបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដោយមានការចូលរួមពី គណៈកម្មាធិការបុណ្យជាតិ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានី ខេត្ត ក្រុង និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលការងារដែលនៅសេសសល់ និងការរៀបចំទីតាំងប្រារព្ធពិធីឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សំដៅធ្វើយ៉ាងណាឱ្យពិធីសម្ពោធ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសុខសុវត្ថិភាព និងមានភាពល្អប្រសើរ ប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ពិធីសម្ពោធដាំបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពី លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិធីនេះនឹងប្រារព្ធឡើងនៅក្នុងភូមិសាស្ត្រ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤៕

ដោយ​៖ តារា​


ចែករំលែក៖