ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយលេងទូរស័ព្ទ ក្បែរមាត់ស្រះទឹកក្នុងវត្តតាំងក្រសាំង ស្រាប់តែ រអិលជើងដាច់ផ្ងារធ្លាក់ចូលទឹកលិចបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនពិការម្នាក់ ស្នាក់អាស្រ័យនៅក្នុងវត្តតាំងក្រសាំងខាងជើង ខណៈអង្គុយលេងទូរស័ព្ទ ក្បែរមាត់ស្រះទឹកក្នុងវត្តស្រាប់តែដាច់ផ្ងារក្រោយធ្លាក់ចូលទឹកស្រះលង់ទឹកលិចបាត់។ 

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៥និង៤៥នាទីល្ងាចថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលបានលង់ទឹកស្លាប់មានឈ្មោះ សុខ វណ្ណៈ  អាយុ ជាង២០ឆ្នាំ ជាជនពិការ ស្វិតជើងខាងស្តាំ ស្នាក់នៅសាលាបាលី ក្នុងវត្តទីតាំងកើតហេតុខាងលើនិងមានស្រុកកំណើតនៅខេត្តកំពង់ចាម។  

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរូបនេះបានមកអង្គុយលេងទូរស័ព្ទលើខឿនមាត់ស្រះ ហើយក៏បានរអិលជើង ដាច់ផ្ងារទៅក្រោយធ្លាក់ចូលទឹកលិចបាត់តែម្តង ។

  តាមព័ត៌មានឲ្យដឹងទៀតថា មុនដំបូងមានមនុស្ស២នាក់ បានឃើញហើយពុំហ៊ានចុះជួយឡើយ ។ក្រោយមកគេឃើញជនរងគ្រោះអណ្តែតទៅកណ្តាលហែលទឹកខ្វៃរួចក៏លិចបាត់ទៅ។ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយប្រជាពលរដ្ឋនាំគ្នា ជួយរាវរកតែរកពុំឃើញឡើយ ។

 ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះ ដើមឡើយគាត់បានមកស្នាក់អាស្រ័យនៅក្នុងចេតីយ៍ ហើយ ត្រូវបានព្រះសង្ឃហៅអោយទៅស្នាក់នៅក្នុងសាលាបាលី រស់នៅ ដោយសារការអាណិតអាសូរពីពុទ្ធបរិស័ទនិងដើរសុំទានតែអកុសលក៏បានជួបគ្រោះថ្នាក់លង់ទឹកស្លាប់បែបនេះ ។

 គួរបញ្ជាក់ថា ស្រះទឹកវត្តតាំងក្រសាំងខាងជើងនេះមានជម្រៅ ប្រមាណ៥ម៉ែត្រ  កន្លងមកធ្លាប់ព្រះសង្ឃមួយអង្គក៏បានលង់ទឹកលិចបាត់រហូតដល់អណ្តែតទើបបង្កអោយមានការភ្ញាក់ផ្អើល លើកនេះជនពិការម្នាក់ទៀតក៏បានលង់ទឹកលិចបាត់ រហូតដល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងក្រុមសង្គ្រោះ៩១១ ដើម្បីជួយអន្តរាគមន៍ស្វែងរកសាកសពរហូតដល់ម៉ោង៨និង៥០នាទីយប់ថ្ងៃដដែលទើបក្រុមសង្គ្រោះបានរកឃើញសាកសពខាងលើ ។

បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានធ្វើឯកសារប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖