ភ្នំពេញ៖ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសារាចរណែនាំលេខ១០សរចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោរ និងបង្ហាញពី ចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជា កេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃ “សុខសន្តិភាព” រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដូចខាងក្រោម៖ ១- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា វត្តអារាម វិហារសាសនាអ៊ីស្លាម-សាសនាគ្រិស្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយដ្ឋាននានា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់ ត្រូវនាំគ្នាធ្វើការ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលមាន ឱ្យបានព្រមៗគ្នា និងដោតទង់ជាតិ នៅតាមអង្គភាព និងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបានផុលផុសពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីចូលរួមអបអរសាទរឱ្យបានអធិកអធម និង មហោឡារិកបំផុត។
២- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់គ្រប់អង្គភាពសាធារណៈ និងឯកជន មូលដ្ឋានទីតាំង អាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ឱ្យដោតទង់ជាតិ ដោយដាក់ដង ឱ្យបានត្រឹមត្រូវ ហើយទង់ជាតិត្រូវមានលក្ខណៈត្រឹមត្រូវ ប្រកបដោយសោភ័ណភាព ចងឱ្យមានរបៀបរៀបរយល្អ ចៀសវាងប្រើប្រាស់កំណាត់ដាច់រហែក ស្លក់ពណ៌ ឬ ទក់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃអត្តសញ្ញាណជាតិ។
៣-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវណែនាំដល់ស្ថានីយវិទ្យុ ទូរទស្សន៍ និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅមូលដ្ឋាន ឱ្យចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍ដ៏មហាសាលនៃព្រែកជីកហ្វូណនតេជោ និងផ្តិតយក ទស្សនីយភាពនៃការអបអរសាទរពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន គ្រឹះស្ថានសិក្សា វត្តអារាម និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំនេះ ឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
សំរិត