ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះជាថ្ងៃទី៧ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មកនោះ។
នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ នេះកម្លាំងចម្រុះ សហការជាមួយក្រុមរថយន្តof roadបន្តបេសកកម្ម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅ តំបន់ថ្មដា នៃខេត្តពោធិ៍សាត់ និង សួរសុខទុក្ខ បងប្អូន កងទ័ព និងគណៈបញ្ជា ការ ឯកភាព ខេត្ត ដែលកំពុងបន្តបេសកកម្ម យ៉ាងសកម្ម ក្នុង ការ រុករក ទោះបីជាស្ថានភាពលំបាកដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល។
លោកឧបនាយករដ្ឋមន្ត្រី ក៏សូម ៖
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ។
ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ ។
សូមរំលឹកថា មកទល់នឹងថ្ងៃទី១៨ ខែកក្កដានេះ កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ សមត្ថកិច្ច អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងចេញកម្លាំងជាច្រើន ក្នុងការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដោយមានការសន្និដ្ឋានជាបណ្តោះអាសន្នថា ឧទ្ធម្ភាគចក្រនេះ អាចនឹងបាត់ការទាក់ទងត្រឹមជើងភ្នំខ្មោច ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
សូមឱ្យពួកគាត់ ប្រកបដោយសុវត្ថិភាព ! ទោះជាតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានខិតខំ ទាំងភ្លៀង ទាំងអព្វធ្លាក់ចុះ ៕
ដោយ ៖ សិលា