ខេត្តពោធិ៍សាត់ ៖ ការរកឃើញសម្បុកក្រពើភ្នំសរុបចំនួន ៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ ។
កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុក ក្រពើភ្នំសរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។
សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន ៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។
គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្ត្រចត្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២-ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ គួរបញ្ជាក់ផងដែរថាក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បានឆ្លុះបញ្ចាំង ឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វ ដ៏កម្រនេះរស់នៅ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ នេះជា ជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។ ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានខិតខំជ្រើសរើស ពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញក្នុងដែនអភិរក្សបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងនេះ បានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ ដោយសត្វក្រពើភ្នំអាចបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសំបុក និង កូនជំនាន់ថ្មីក្នុងធម្មជាតិ។ ជោគជ័យនេះបានផ្តល់កម្លាំងចិត្ត ព្រមទាំងពង្រឹងការតាំងចិត្តរបស់យើងក្នុងការបន្ត ការពារជីវចម្រុះដ៏សម្បូរបែបរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា មានប្រសាសន៍ថា៖ អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយដែលអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរបស់យើង បានខិតខំប្រឹងប្រែងក្នុងបេសកកម្មក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញនៃ ប្រទេសកម្ពុជា។ ការងាររបស់យើងនេះមិនត្រឹមតែទាក់ទងនឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើង ធ្វើការដើម្បីធានាឱ្យបានថាពួកវាមានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ។
ការពង្រឹងការការពារទីតាំងសំខាន់ៗនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានសារៈសំខាន់ណាស់ក្នុងការការពារ ជម្រកទាំងនេះពីការគំរាមកំហែង ដូចជាការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ជាដើម។ ការរកឃើញ សំបុកថ្មីៗនេះ សបញ្ជាក់ពីសារៈសំខាន់នៃការការពារតំបន់នេះ ដោយមានចំនួនក្រពើភ្នំតិចជាងពីរបីរយក្បាល នៅក្នុងធម្មជាតិ ក្រពើថ្មីចំនួន៦០ក្បាលដែលបានញាស់នេះ គឺជាកត្តាជំរុញយ៉ាងខ្លាំងនៃការកើនឡើងនៃ ចំនួនប្រភេទនេះ។ ខណៈពេលដែលជីវចម្រុះនៅតំបន់ដីសើមកំពុងបាត់បង់យ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ការរកឃើញនេះគូសបញ្ជាក់អំពីសក្តានុពល សម្រាប់ការស្តារឡើងវិញនូវធម្មជាតិតាមរយៈកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នាប្រកបដោយនិរន្តរភាព។
លោក ថយ ឈន អ្នកល្បាតក្រពើភ្នំបានបង្ហាញចំណាប់អារម្មរណ៍ថា៖ យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ដើម្បីការពារប្រភេទសត្វជិតផុតពូជនេះជាច្រើនឆ្នាំមកហើយ ហើយ យើងពិតជារំភើបណាស់ដែលបានរកឃើញសំបុកក្រពើទាំងនេះ។ ការរកឃើញនេះបង្ហាញថា កិច្ចខិតខំ ប្រឹងប្រែងអភិរក្សរបស់យើងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាបន្តបន្ទាប់របស់យើងចំនួនក្រពើភ្នំនឹងបន្តកើនឡើងនាពេលអនាគត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា