ខេត្តមណ្ឌលគិរី ៖ កុមារាកុមារីជនជាតិដើមភាគតិចចំនួន៤នាក់ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនអស់រយៈពេល១យប់១ថ្ងៃ បន្ទាប់ពីពួកគេបានចាកចេញពីផ្ទះចូលក្នុងព្រៃដើម្បីរកជ័រ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
មេប៉ុស្តិ៍ចុងផ្លាស់លោក ចាន់ សុផារី ឱ្យដឹងថា បន្ទាប់ពីលោកទទួលដំណឹងពីលោកមេភូមិនៅរសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤ថា មានបាត់ក្មេងប្រុសស្រីចំនួន៤នាក់ពីផ្ទះតាំងពីព្រឹកថ្ងៃទី១៦ ខែកក្កដា មិនឃើញទៅផ្ទះវិញនោះ លោកបានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ ដើម្បីចេញប្រតិបត្តិការស្វែងរកឱ្យទាន់ពេលវេលា។ បន្ទាប់ពីសមត្ថកិច្ចរុករកអស់ពេលជា ច្រើនម៉ោងមិនឃើញសោះ។ លុះនៅព្រឹកថ្ងៃទី១៧ខែកក្កដា វេលាម៉ោងប្រមាណ១០ ក៏ប្រទះឃើញក្មេងទាំង៤នាក់នោះនៅក្នុងដីចម្ការដែលគេទុកចោលមួយកន្លែងឆ្ងាយពីភូមិ ហើយពួកគេមានសុវត្ថិភាពទាំងអស់គ្នា។
សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមក្មេងៗបានរៀបរាប់ប្រាប់សមត្ថកិច្ចអំពីមូលហេតុដែលពួកគេសម្រេចចិត្តជ្រកក្នុងដីចម្ការនេះដោយមិនត្រឡប់ទៅដល់ផ្ទះវិញ ព្រោះតែមេឃមានភ្លៀងធ្លាក់ខ្លាំងពេកបណ្តាលឲ្យជន់ទឹកអូរ ទើបធ្វើឱ្យពួកគេមិនហ៊ានឆ្លងទៅត្រើយម្ខាង ក៏ដើរស្វែងរកចម្ការដែលមានផ្ទះគេទុកចោលដើម្បីសម្រាកមួយយប់ ចាំពេលទឹកស្រកទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ តែក៏មានអ្នកភូមិតាមរកឃើញតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងៗដែលបាត់ចេញពីផ្ទះហើយត្រូវសមត្ថកិច្ចស្វែងរកឃើញនោះ មានអាយុចន្លោះពី៩ឆ្នាំទៅដល់១៣ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំក្មេងទាំង៤នាក់នោះប្រគល់ជូនអាណាព្យាបាលដល់ផ្ទះរៀងៗខ្លួនដោយសុវត្ថិភាព។
អាជ្ញាធរមូលដ្ឋានបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលគ្រប់រូបសូមយកចិត្តទុកដាក់កុំបណ្ដែតបណ្ដោយឱ្យក្មេងៗចាកចេញពីផ្ទះឬធ្វើដំណើរទៅក្នុងព្រៃ ដ្បិតពេលនេះគឺជារដូវវស្សាមានភ្លៀងធ្លាក់ច្រើនដែលបណ្តាលឱ្យទឹកតាមអូរជន់លិចខ្លាំងនាំមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
ដោយ៖ សូរិយា