ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលដកកាំភ្លើងAK គំរាមរកបាញ់ប្រជាពលរដ្ឋ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បុរសជើងខ្លាំងដែលដកកាំភ្លើងប្រភេទ AK47 គំរាមរកបាញ់គេឯងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនបានហើយ។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលជនសង្ស័យ បានធ្វើសកម្មភាពគំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47 នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុខ មនោរម្យ ភេទប្រុស អាយុ37ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68Cភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ តែ ប្រុស ភេទប្រុស អាយុ37 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី បច្ចុប្បន្នរស់នៅផ្ទះលេខ32G ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីវកែវ រាជធានីភ្នំពេញ។

តាមការសារភាពរបស់ជនសង្ស័យបានបានឱ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្ត។ ពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង ដោយមូលហេតុជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។

 បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖