ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥ នេះបើតាមការបញ្ជាក់ពីអ្នកភូមិនៅក្បែរកន្លែងកើតហេតុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា សពបុរសវ័យចំណាស់ ដែលគេប្រទះឃើញបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ រហូតដល់មានសមត្ថកិច្ចសហការគ្នាចុះពិនិត្យនេះ ត្រង់ចំណុចក្បែរចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា សពបុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ សពអាយុហែល៦០ឆ្នាំ សក់ស្កូវ សម្បុរខ្មៅ កម្ពស់ ១.៦៥ម៉ែត្រ ពាក់អាវដៃវែង ឆ្នូត.សលាយខៀវ ស្លៀកខោជើងវែង ពណ៌ខ្មៅ ។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥(គ្មានស្លាកលេខ)សណ្ដោងរុឺម៉ក ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានឈប់ នៅក្រោមដើមជ្រៃក្រឹមមួយ រួចបានដើរទៅលាងដៃនៅធ្លុកទឹកមួយកន្លែងក្បែរនោះ បន្ទាប់មកដើររករុឺម៉កគាត់វិញ ខណៈនោះបុរសរងគ្រោះបានដួលរមៀលធ្លាក់ទៅចិញ្ចើមផ្លូវបែបនេះ នេះយោងតាមកាមេរ៉ាសុវត្ថិភាពស្ថានីយ៍ប្រេងរបស់ឈ្មោះ នូ ស្រីម៉ុច ។
ប្រភពបញ្ជាក់បន្ថែមទៀតថា ក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ សពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងៗនោះទេ សពអាចស្លាប់បណ្ដាលមកពីខ្យល់គរ(គាំងបេះដូង)សពតម្កល់ទុកនៅបឹងគល់ រង់ចាំសាច់ញាតិមកទទួលយកដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន