ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ,អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៨និង០០នាទី។
ជនសង្សយ័ឈ្មោះ អ៊ុក ភក្តី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទ ប្រុស អាយុ៤០ឆ្នាំ បានចេញពីផ្ទះនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូស៊េរីចាស់០១ គ្រឿងមិនចាំម៉ាក ឈប់នៅចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (កន្លែងកើតហេតុ) បានធ្វើសកម្មភាពយកលុយក្រដាស៥០០រៀលលើកឡើងលើ រួចយកស្បែកជើងជាន់លើក្រដាសប្រាក់៥០០រៀល និងប្រមាថចំពោះអង្គព្រះមហាក្សត្រនៅចំណុចកើតហេតុខាងលើ ដោយមូលហេតុខឹងព្រះមហាក្សត្រមិនបានដោះស្រាយបញ្ហាឲ្យខ្លួន រួចក៏ជិះគេចខ្លួនចេញទៅសម្ងំក្នុងផ្ទះ ។
លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៨ ជនសង្ស័យខាងលើបានស្រែកឡូឡាតាមផ្លូវនៅចំណុចផ្លូវ២១៧ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ កំពុងល្បាតក្បែរនោះធ្វើការឃាត់ខ្លួនសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
ដោយ៖ សូរិយា