ព័ត៌មានទាន់ហេតុការណ៍៖

គិតមកដល់ល្ងាចនៅថ្ងៃទី១៨ កក្កដានេះ មិនទាន់មានតម្រុយណារកឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅឡើយទេ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គិតមកដល់ល្ងាចនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់មានតម្រុយណារកឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅឡើយទេ ប៉ុន្តែកម្លាំងចម្រុះ នៅតែបន្តបេសកកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។

ក្នុងរយៈពេល ៦យប់ ៧ថ្ងៃ កម្លាំងបើកប្រតិបត្តិការ មិនត្រូវបានគិតពីនឿយហត់ ក្តៅ ខ្យល់ ភ្លៀង រងា ការធ្លាក់ចុះអ័ព្វនោះឡើយ ។ 

សូមវត្ថុស័ក្តិសិទ្ធ បារមីម្ចាស់ទឹក ម្ចាស់ដី ព្រៃព្រឹក្សា ព្រៃភ្នំ ជួយឱ្យអ្នក២ រួចផុតពីគ្រោះថ្នាក់ ។ 

សូមបញ្ជាក់ថា ៖ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង ពីកងទ័ពជើងអាកាស នៅតំបន់ ជួរភ្នំក្រវាញ ក៏មានវត្តមាន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំកម្លាំងដោយផ្ទាល់ផងដែរ ក្នុងនាមជាប្រមុខកងទ័ពកម្ពុជា យកចិត្តដាក់បំផុត មកលើកងកម្លាំង ។ 

សូមបញ្ជាក់ថា ៖ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។

តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ 

ដោយ ៖ សិលា


ចែករំលែក៖